ញូយ៉ក៖ ទិដ្ឋភាពពីលើអាកាស បានបង្ហាញពីសកម្មភាពទាំងស្រុងរបស់មនុស្សមួយក្រុម ដែលកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីជីករណ្ដៅ និងកប់សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅលើកោះមួយក្នុងទីក្រុងញូយ៉ក។ នេះបើយោងតាមសារព័ Daily Mail។​​ យោងតាមទិដ្ឋភាពទាំងនេះ បានបង្ហាញឲ្យឃើញនូវកម្មករចំនួន១២នាក់ គ្របដណ្ដប់ទៅដោយឈុតការពារមេរោគ កំពុងធ្វើការជីករណ្ដៅយ៉ាងធំសម្រាប់ដាក់មឈូសរបស់អ្នកស្លាប់ដោយសារជំងឺរាតត្បាតថ្មី នៅលើកោះ Hart ក្នុងទីក្រុងញូយ៉ក ដែលជាចំណុចកណ្ដាលនៃរោគរាតត្បាតក្នុងសហរដ្ឋអាមេរិក។ ចុះផ្សាយថ្ងៃទី ០៩ ខែមេសា ម្សិលមិញ។កោះ Hart ត្រូវបានគេស្គាល់ថាជាទីតាំងសម្រាប់ធ្វើការបញ្ចុះសាកសព ដែលមិនស្គាល់សាច់ញាតិ ឬក្រុមគ្រួសាររបស់ពួកគេមិនអាចយកទៅធ្វើបុណ្យ ហើយទីបញ្ចុះសពនេះចាប់ផ្ដើមដំណើរការតាំងពីសតវត្សទី ១៩មកម៉្លេះ។ ហើយបច្ចុប្បន្ន ទីតាំងនេះហាក់កំពុងមមាញឹកម្ដងទៀត ខណៈសាកសពចំនួន ២៥ត្រូវបានបញ្ចុះម្ដងក្នុងមួយសប្ដាហ៍ បន្ទាប់ពីអ្នកស្លាប់នៅទីក្រុងញូយ៉កមានការកើនឡើងជាលំដាប់។

 

គួរឲ្យដឹងដែរថា ទីក្រុងញូយ៉កជាចំណុចផ្ទុះជំងឺកូវីដ-១៩ ខ្លាំងជាងគេនៅសហរដ្ឋអាមេរិក ដែលគិតមកទល់ម៉ោង ២:០០នាទីរសៀល (ម៉ោងនៅទីក្រុងភ្នំពេញ) ថ្ងៃទី ១០ ខែមេសានេះ អ្នកឆ្លងវីរុសសរុបកើនដល់ ១៥៩,៩៣៧នាក់ និងស្លាប់ ,០៦៧នាក់ ខណៈចំនួនអ្នកឆ្លងសរុបក្នុងសហរដ្ឋអាមេរិកទាំងមូលកើនដល់ ៤៦៩,០២១នាក់ និងស្លាប់ ១៦,៦៧៥នាក់៕ PP

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ